1 Thessalonians 4

1ទីបញ្ចប់នេះបងប្អូនអើយ! ​អ្នករាល់គ្នា​បាន​ទទួល​សេចក្ដី​បង្រៀន​ពីយើង​អំពី​របៀបរស់នៅឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ​រួច​ហើយ​ហើយ​អ្នករាល់គ្នា​បាន​រស់នៅដូច្នោះមែន។ ​ឥឡូវនេះ​យើង​សូមអង្វរហើយដាស់តឿនអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូថា​ចូរ​រស់នៅ​ដូច្នេះ​ឲ្យ​កាន់តែប្រសើរ​ទៀត​ចុះ 2ដ្បិតអ្នករាល់គ្នា​ស្គាល់​សេចក្ដី​បង្គាប់ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នករាល់គ្នាតាមរយៈព្រះអម្ចាស់យេស៊ូហើយ 3ដ្បិតនេះជាបំណង​របស់​ព្រះជាម្ចាស់​គឺ​ឲ្យ​អ្នករាល់គ្នា​បាន​បរិសុទ្ធ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ចៀសវាងអំពើអសីលធម៌ខាងផ្លូវភេទ 4ហើយម្នាក់ៗ​ត្រូវ​ចេះគ្រប់គ្រងរូបកាយរបស់ខ្លួនដោយបរិសុទ្ធនិង​សេចក្ដី​ថ្លៃថ្នូរ 5មិនមែនដោយចំណង់តណ្ហាដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះជាម្ចាស់​នោះ​ឡើយ 6មិនត្រូវ​ឲ្យ​នរណាម្នាក់​បំពានបោកប្រាស់បងប្អូន​របស់​ខ្លួនក្នុងរឿងនេះឡើយព្រោះព្រះអម្ចាស់​នឹង​សងសឹកចំពោះ​រឿង​ទាំងនេះដូចដែល​យើង​បាន​ប្រាប់អ្នករាល់គ្នាពីមុននិង​បាន​បញ្ជាក់​រួច​ហើយ 7ដ្បិតព្រះជាម្ចាស់មិន​បាន​ហៅយើងមក​ក្នុង​សេចក្ដី​ស្មោកគ្រោកទេគឺ​មក​ក្នុង​សេចក្ដី​បរិសុទ្ធវិញ 8ដូច្នេះអ្នកណា​ដែលបដិសេធ​សេចក្ដី​នេះ​អ្នកនោះ​មិនមែនបដិសេធមនុស្សទេគឺ​បដិសេធ​ព្រះជាម្ចាស់ដែលប្រទាន​ព្រះ​វិញ្ញាណបរិសុទ្ធ​របស់​ព្រះអង្គដល់អ្នករាល់គ្នាវិញ 9រីឯសេចក្ដី​ស្រលាញ់​ជា​បងប្អូន​ខ្ញុំ​មិនចាំបាច់សរសេរ​មក​អ្នករាល់គ្នាទេព្រោះព្រះជាម្ចាស់បង្រៀនអ្នករាល់គ្នា​ឲ្យ​ចេះ​ស្រលាញ់គ្នា​ទៅវិញ​ទៅមក​ហើយ 10ដ្បិតអ្នករាល់គ្នា​ស្រលាញ់បងប្អូនទាំងអស់នៅ​ស្រុក​ម៉ាសេដូនទាំងមូលមែនប៉ុន្តែបងប្អូនអើយ! ​យើង​សូម​លើកទឹកចិត្ដអ្នករាល់គ្នា​ឲ្យ​មាន​សេចក្ដី​ស្រលាញ់​នោះ​កាន់តែ​ខ្លាំង​ឡើងៗ 11ហើយខំ​យកចិត្តទុកដាក់រស់នៅ​ដោយ​ស្រគត់ស្រគំទាំ​ងបំពេញកិច្ចការ​របស់​ខ្លួននិងធ្វើការ​ដោយ​ដៃ​របស់​ខ្លួនដូចដែល​យើង​បាន​បង្គាប់អ្នករាល់គ្នាហើយ 12ដើម្បីឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​ដោយ​ត្រឹមត្រូវចំពោះអ្នកក្រៅហើយឥតត្រូវការ​អ្វី​ឡើយ 13បងប្អូនអើយ! ​ខ្ញុំ​មិនចង់​ឲ្យ​អ្នករាល់គ្នាមិនដឹងអំពី​ពួក​អ្នកដែល​បាន​ដេកលក់ហើយ​នោះ​ទេក្រែងលោ​អ្នករាល់គ្នា​កើតទុក្ខដូចជាអ្នកឯទៀតដែលគ្មានសង្ឃឹម 14ដ្បិតបើ​យើង​ជឿថា​ព្រះ​យេស៊ូ​បាន​សោយទិវង្គតហើយមាន​ព្រះជន្ម​រស់ឡើងវិញមែននោះ​ត្រូវ​ជឿ​ថា​ព្រះជាម្ចាស់​នឹង​នាំ​ពួក​អ្នកដែលដេកលក់នៅក្នុង​ព្រះ​យេស៊ូ​ឲ្យ​ទៅជាមួយព្រះអង្គដែរ 15ដ្បិតយើង​ប្រាប់អ្នករាល់គ្នាតាមព្រះបន្ទូល​របស់​ព្រះអម្ចាស់ថាយើងដែលមានជីវិត​រស់​នៅឡើយ​គឺ​អ្នក​ដែល​នៅរស់​រហូតដល់​ពេល​ព្រះអម្ចាស់យាងមក​ពិតជា​មិនទៅមុន​ពួក​អ្នកដែលបានដេកលក់ឡើយ 16ព្រោះព្រះអម្ចាស់​នឹង​យាងចុះពីស្ថានសួគ៌មកទាំង​មាន​សម្រែកនិងសំឡេង​មហា​ទេវតាព្រមទាំងត្រែ​របស់​ព្រះជាម្ចាស់នោះ​ពួក​មនុស្ស​ស្លាប់នៅក្នុង​ព្រះ​គ្រិស្ដ​នឹង​រស់​ឡើង​វិញមុនគេ 17បន្ទាប់មកយើងដែលមានជីវិត​រស់​នៅឡើយ​គឺ​អ្នកដែល​នៅរស់​នឹង​ត្រូវ​លើកឡើងទៅក្នុងពពកជាមួយគ្នាដើម្បីជួបព្រះអម្ចាស់នៅលើអាកាសដូច្នេះ​យើង​នឹង​នៅជាមួយព្រះអម្ចាស់រហូតតទៅ 18ហេតុនេះចូរ​កម្សាន្ដចិត្ដគ្នា​ទៅវិញ​ទៅមកដោយពាក្យទាំងនេះ​ចុះ។
Copyright information for KhmKCB